រាជរដ្ឋាភិបាលត្រៀមបង្កើតសាជីវកម្មធានាឥណទានសម្រាប់វិស័យអាទិភាព​

ភ្នំពេញ៖ គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទាន នេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ស្របតាមវិធានការជុំទី ៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្កត់ធ្ងន់ថា«សាជីវកម្មធានាឥណទានកម្ពុជា មានតួនាទី ផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី វិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅ ធានាបាននិរន្តភាពអាជីវកម្ម និងសម្របទៅតាមបរិបទថ្មីនៃធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ »។

ជារួមបន្ទាប់ពីពិភាក្សាអំពីគោលបំណង, ទម្រង់នៃការបង្កើត, បញ្ហាប្រឈមដែលរំពឹងទុកក្នុងដំណើរការនៃ ការបង្កើត និងផែនការសកម្មភាពនៃការអនុវត្តគម្រោង, អង្គប្រជុំបានឯកភាពជាគោលការណ៍លើឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា ។ ជាកិច្ចការបន្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយមាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ជាសេនាធិការ, នឹងបន្តនីតិវិធីរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ លិខិតបទដ្ឋានចាំបាច់ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដាក់ឲ្យដំណើរការសាជីវកម្មធានាឥណទាននេះ ឱ្យបានឆាប់ ។

ដើម្បី ធានាថាសាជីវកម្មធានាឥណទានផ្តល់ការធានាឥណទានចំទិសដៅ ប្រកបដោយប្រសិទ្ធភាព នៅក្នុងដំណាក់កាលបន្ទាន់ នៃវិបត្តិជំងឺកូវីដ-១៩ នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមានអគ្គនាយកដ្ឋានគោលនយោបាយជាសេនាធិការ, នឹងរៀបចំគោលនយោបាយសម្រាប់ការផ្តល់ធានាឥណទាននេះ ដោយកំណត់វិស័យ, ប្រភេទក្រុមហ៊ុន និងប្រភេទ អាជីវកម្ម ជាដើម ដែលមានសក្តានុពលទទួលបានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា ។