សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាច្រានចោលនូវរបាយការណ៍​​​​​​​​«ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក»

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការច្រានចោលនូវរបាយការណ៍ «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ដោយផ្អែលលើមូលដ្ឋានវិធីសាស្រ្តក្នុងការស្រាវជ្រាវមិនត្រឹមត្រូវ ភាពមិនស៊ីចង្វាក់នៃទិន្នន័យ និងអំឡុងពេលស្រាវជ្រាវមិនសមស្រប បន្ទាប់ពីក្រុមការងារបច្ចេកទេសរបស់សមគមបានធ្វើការសិក្សាលំអិតលើរបាយកាណ៍នេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងរបាយការណ៍ ធ្វើការងាររហូតដល់ជំពាក់បំណុលវណ្ឌករបស់សមាគមមីក្រូហិរញ្ញវត្ថុនៅថ្ងៃទី១៣កក្កដានេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) បានចេញផ្សាយនូវរបាយការណ៍មួយ មានចំណងជើងថា៖ «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ដោយបានធ្វើការស្ទង់មតិកម្មករចំនួន១៦២នាក់ មកពីរោងចក្រចំនួន៣ ដែលបានព្យួរការងារទាំងស្រុង ឬដោយផ្នែក ចន្លោះខែមីនា និងឧសភា ឆ្នាំ២០២០។ ដោយផ្តោតការសិក្សាតែពីផលលំបាកនៃការជាប់ជំពាក់បំណុលរបស់កម្មករទាំងនោះ របាយការណ៍នេះបានទាញសេចក្តីសន្និដ្ឋានថា៖ «បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់។»

ក្រោយពីធ្វើការសិក្សាលម្អិតលើរបាយការណ៍នេះ សមាគម មើលឃើញថា វិធីសាស្ត្រក្នុងការស្ទង់មតិនេះ ខ្វះល័ក្ខខ័ណ្ឌបែបវិទ្យាសាស្រ្ត មានភាពលំអៀង និងខ្វះការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ ហើយគ្មានព័ត៌មានគ្រប់គ្រាន់ដែលអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញបាន។ ដូចដែលបានបញ្ជាក់ស្រាប់ក្នុងរបាយការណ៍នេះ ការស្ទង់មតិនេះ គ្រាន់តែប្រមូលយកព័ត៌មានពីមនុស្សចំនួន ១៦២ នាក់ពីរោងចក្រចំនួន៣ ក្នុងចំណោមរោងចក្ររាប់រយពាន់ និងកម្មកររាប់សែននាក់។ អ្នកចូលរួមសម្ភាសន៍ទៀតសោត ក៏ត្រូវបានជ្រើសរើសតាមរយៈ «ប្រធានសហជីពក្នុងរោងចក្រនីមួយៗ» ពោលគឺមិនមែនរើសដោយចៃដន្យ(random) ដែលនេះមិនមែនជាវិធីសាស្រ្តដែលអាចទុកចិត្តបានឡើយ ដោយសារតែអាចមានភាពលំអៀងនៃអ្នកជ្រើសរើសស្រាប់។ ការអនុម័តផ្តល់បា្រក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទៀតសោត ក៏ត្រូវឆ្លងកាត់ការវាយតម្លៃច្រើន រួមមានគោលបំណងប្រាក់កម្ចី សមត្ថភាពសងត្រលប់ ការផ្ទៀងផ្ទាត់ប្រវត្តិកម្ចីជាមួយការិយាល័យឥណទានកម្ពុជា និងហានិភ័យនានា ដែលជាផ្នែកមួយនៃគោលការណ៍ការពារអតិថិជន។

ជាងនេះទៀតទិន្នន័យដែលបានបញ្ជាក់ក្នុងរបាយការណ៍នេះ ក៏មិនមានភាពស៊ីចង្វាក់ជាមួយទិន្នន័យលម្អិតរបស់សមាគម ការិយាល័យឥណទានកម្ពុជា និងធនាគារជាតិនៃកម្ពុជាផងដែរ។ ហើយរបាយការណ៍នេះក៏មិនបានបញ្ចេញនូវទំហំឥណទាន ប្រភពចំណូលផ្សេងទៀតក្រៅតែពីប្រាក់បៀវត្សរោងចក្រ ដែលទិន្នន័យទាំងនេះមានភាពចាំបាច់ក្នុងការវាយតម្លៃផលប៉ះពាល់ពិតប្រាកដ។
ការស្ទង់មតិនេះក៏ត្រូវបានធ្វើក្នុងពេលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ រួមផ្សំនឹងអ្នកចូលរួមឆ្លើយទាំងអស់សុទ្ធតែត្រូវបានរោងចក្រព្យួការងារ ដូចនេះជាកត្តាសន្យានុម័ត ប្រាក់ចំណូលរបស់ពួកគាត់នឹងធ្លាក់ចុះ ដែលនាំអោយប៉ះពាល់ជីវភាពរស់នៅ ក៏ដូចលទ្ធភាពក្នុងការសងត្រលប់ទៅកាន់គ្រឹះស្ថាន ហើយរឹតតែមិនមានអារម្មណ៍ល្អចំពោះស្ថានភាពទូទៅឡើយ។

ភ្ជាប់នឹងបញ្ហានេះ សមាគម ធ្លាប់បានរកឃើញភាពមិនប្រក្រតី នៃរបាយការណ៍របស់អង្គការលីកាដូ អំពីចំណាកស្រុកនិងមីក្រូហិរញ្ញវត្ថុ ព្រមទាំងបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដែលរឹតតែធ្វើអោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិនអាចជឿជាក់លើនូវគុណភាព ក៏ដូចជាគោលបំណងពិតប្រាកដនៃការសិក្សាទាំងអស់នេះ។
របាយការណ៍នេះ បានមើលរំលងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកន្លងមកតាមរយៈការជួយឧបត្តម្ភ ដល់កម្មកររោងចក្រដែលផ្អាកដំណើរការ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដែលបានជួយដល់អតិថិជនរបស់ខ្លួន ក្នុងអំឡុងពេលកូវីដ១៩ ពិសេសតាមរយៈការរៀបចំឥណទានឡើងវិញជូនដល់អតិថជនជាងពីរសែននាក់ ក្នុងទំហំឥណទានជាងមួយពាន់លានដុល្លារសហរដ្ឋអាមេរិក។ របាយកាណ៍នេះ ក៏បង្ករការរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុងតែមមាញឹកក្នុងការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថាវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាគំរូដ៏ល្អមួយ និងមានភាពរឹងម៉ាំ ដោយសារវិស័យនេះបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ចំណូលប្រជាជន និងជំរុញ
កំនើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព ខុសពីការអភិវឌ្ឍបែបប្រពៃណី ដែលស្ថាប័នអភិវឌ្ឍត្រូវពឹងផ្អែកទាំងស្រុងលើម្ចាស់ជំនួយ ឬវិភាគទានពីរដ្ឋាភិបាល។ មានប្រទេសផ្សេងៗជាច្រើន បានមកធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខណៈប្រទេសមួយចំនួននៅមិនទាន់អាចធ្វើឱ្យវិស័យនេះ មានដំណើរការល្អ ឬរីកចម្រើនបាននៅឡើយ។
ក្នុងទស្សនវិស័យ និងបេសកកម្ម ជួយអោយប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សម្បូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាសមាគមវិជ្ជាជីវៈតែមួយគត់តំណាងឱ្យវិស័យមីក្រូហិរញ្ញវត្ថុ នឹងបន្តសិក្សាតាមដានបន្ថែមទៅលើស្ថានភាពវិវត្តនៃវិស័យកាត់ដេរ ព្រមទាំងជំរុញដល់សមាជិកគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ឱ្យបន្តការជួយសម្រាលដល់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ តាមរយៈការរៀបចំឥណទានឡើងវិញ និងតាមលទ្ធភាពផ្សេងៗទៀតដែលខ្លួនមាន។