កម្ពុជាទទួលបានចំណូលជាង២៦៤លានដុល្លារអាមេរិកពីការនាំចេញ​​​​អង្ករក្នុងឆមាសទី១នេះ

​ភ្នំពេញ៖ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញអង្ករក្នុងបរិមាណ ៣៩៧. ៦៦០តោន ក្នុងរយៈពេល ៦ខែ ឬនៅក្នុងរយៈពេលឆមាសទី១ដើមឆ្នាំ២០២០ ដែលមានកំណើន ជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានការនាំចេញបានត្រឹមតែ ២៨១. ៥៣៨តោន ហើយ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤ លានដុល្លារអាមេរិក ខណៈប្រទេសចិនគ្រប់គ្រងចំណែកទីផ្សារអង្ករដល់៣៧%នៃការនាំចេញសរុប។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថាប្រទេសចិន បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេលមួយឆមាស ដើមឆ្នាំ២០២០នេះ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងប្រទេសអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីប្រទេសចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤% ដែលស្មើនឹង ១៣៥. ៥៧៦តោន ក្នុងនោះ ប្រទេសបារាំងជាប្រទេសដែលនាំចូលធំជាងគេបង្អស់ គឺមានបរិមាណ ៥១. ១៧៥តោន។ រីឯបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញ ឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៣% ស្មើនឹង ៥២. ៩៨៧តោន ដែលក្នុងនោះប្រទេសម៉ាឡេស៊ីជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១. ៩០៤តោន ហើយនឹងទីផ្សារគោលដៅប្រទេសផ្សេងៗទៀត មានចំនួន ១៦% ស្មើនឹង ៦១ ១៤៨តោន ក្នុងនោះមានប្រទេសហ្កាបុង និងប្រទេសអូស្រ្តាលី ជាប្រទេសនាំមុខសំខាន់។

ទាក់ទងនិងការនាំចេញអង្ករនៅក្នុងឆមាសទី១នេះ ចំពោះប្រភេទអង្ករសម្រាប់ការនាំចេញរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ អង្ករក្រអូប មានចំនួន ៧៧% ដែលមានបរិមាណ ៣០៦. ៧៨៦តោន គិតជាកំណើនគឺកើនឡើង ៣៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ដោយឡែកចំពោះអង្ករស និងអង្ករផ្សេងៗ មានចំណែកប្រមាណ ២៣% នៃការនាំចេញសរុប ដែលចំនួននៃចំណែកនេះ គឺមានកំណើនជិត៨០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដោយមូលហេតុតម្រូវការខ្ពស់លើអង្ករប្រភេទនេះ ក្នុងកាលៈទេសៈការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះជាប្រភេទអង្ករដែលមានតម្លៃធូរថ្លៃ។
ម្យ៉ាងទៀត សម្រាប់ទីផ្សារខែមិថុនា ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅកាន់ សហគមន៍អឺរ៉ុប មានរហូតដល់ ១៣ .៥៦៦តោន ឬ ស្មើនឹង ៣៣% នៃចំណែកទីផ្សារនាំចេញរបស់កម្ពុជា ហើយប្រទេសចិនបាននាំចូលអង្ករកម្ពុជា ប្រមាណជាជាង១១ ១២៤តោន ឬ ស្មើនឹង ២៧% នៃចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជា ហើយអាស៊ាន និងទីផ្សារគោលដៅផ្សេងៗទៀតមានចំនួន ៤០% ឬក្នុងបរិមាណ ១៦ ៨៧៣តោន។

ចំពោះតម្លៃអង្ករនាំចេញ គិតត្រឹមកំពង់ផែ អង្ករក្រអូបប្រណីត មានតម្លៃជាមធ្យម ៩០០ដុល្លារអាមេរិក និងប្រភេទក្រអូបធម្មតា មានតម្លៃជាមធ្យម ៧៦០ដុល្លារអាមេរិក ហើយអង្ករ ស ប្រភេទបាយទន់ មានតម្លៃជាមធ្យម ៥២០ដុល្លារអាមេរិក។ សរុបជារួមមក ចំណូលដែលទទួលបានពីការនាំចេញអង្ករកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ គឺមានទឹកប្រាក់សរុបប្រមាណ ២៣.៧លានដុល្លារអាមេរិក៕