កិច្ចសន្យាផលិតកម្មសិកម្មផ្តល់ឱកាសដល់កសិករផលិតវត្ថុធាតុដើម​​​​​​​​​​​​​​និងបង្កើតការងារ

ភ្នំពេញ៖ កិច្ចសន្យាផលិតកម្មកសិកម្មបានជួយជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកែច្នៃដោយប្រើប្រាស់វត្ថុធាតុដើមចេញពីផលិតផលកសិកម្ម កំពុងមានសក្តានុពលឱ្យបានកាន់តែច្រើនឡើងដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ក្នុងទិសដៅចំបងគឺលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាពកាត់ បន្ថយការនាំចូល ផ្តល់ឱកាសដល់ប្រជាកសិករដែលជាអ្នកផលិតវត្ថុធាតុដើម និងបង្កើតការងារ។នេះបើយោងតាមថ្នាក់ដឹកនាំកំពូលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ថ្លែងក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី “ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្មកាលពីថ្ងៃទី២៥ មិថុនាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា ការចូលរួមពីដៃគូឯកជន គឺប្រាកដបានជួយលើកស្ទួយវិស័យកសិកម្មតាមរយ:ការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដែលនឹងជួយបង្កើនតម្លៃ បន្ថែមលើកសិផល រក្សានិរន្តរភាពនៃការផលិត ការផ្គត់ផ្គង់ និងបន្តចូលរួមបង្កើនចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ និងជាពិសេសស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម «២០១៩-២០២៣»។

បើតាមលោករដ្ឋមន្ត្រីកសិកម្ម ក្នុងកាល:ទេស:ដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រឹងបរិយាកាសវិនិយោគឱ្យបាន ល្អប្រសើរដើម្បីស្រូបយកកំលាំងពលកម្ម ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្ម។
លោក រដ្ឋមន្ត្រីវេងសាខុន មានប្រសាសន៍ថា«ជាក់ស្តែង ការប្រើប្រាស់ផលិតផលកសិកម្មបាននិងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទផលិតពីការផលិតដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឱ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូល រួមធ្វើឱ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និង នវារនុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាឆ្នាំ២០២៣-២០៥០»។

លោក រដ្ឋមន្ត្រីគូសបញ្ជាក់ថា ពិធីនាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា ឆ្លើយតបទៅនឹងអភិក្រម «រដ្ឋ- ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដែលជាគំរូមួយដ៏ល្អសម្រាប់ឈានទៅបន្តអនុវត្តកិច្ចសន្យានេះឱ្យបានទូលំទូលាយគ្រប់ផ្នែកនៃវិស័យកសិកម្ម។ ជាក់ស្តែង មកទល់ពេល នេះ វិស័យឯកជនបានចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្មក្នុងឆ្នាំ២០១៩ សរុបចំនួន ៤៩៨ ហើយគ្រាន់តែ ៦ខែដើមឆ្នាំ២០២០នេះ យើងបានចុះកិច្ចសន្យាចំនួន ៥១៦ករណី ដូចដែលបានរាយការណ៍ដោយប្រធាននាយកដ្ឋានកសិ-ឧស្សាហកមម្ម»។
លោក លើកឡើងថាក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរាលដាលជំងឺឆ្លងកូវីដ១៩នេះ ដោយត្រូវ ធ្វើការបណ្តុះ បណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅ ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល៕