ពលរដ្ឋជិត២ម៉ឺននាក់មិនទទួលបានរៀបចំឥណទានឡើងវិញព្រោះគ្មាន​​​​​​​​​លក្ខខណ្ឌគ្រប់គ្រាន់​

​នីភ្នំពេញ៖បន្ទាប់ពីប្រទេសកម្ពុជាជួបនឹងវិបត្តិនៃជំងឺកូវីដ១៩នៅប៉ុន្មានខែដើមឆ្នំា២០២០នេះគេសង្កេតឃើញថាមានប្រជាពលរដ្ឋខ្មែរជាង១៣ម៉ឺននាក់ហើយដែលទទួលបានការរៀបចំឥណទាន(កម្ចី)ឡើងវិញ។ប៉ុន្តែស្ថិតក្នុងកាលៈទេសៈនេះសម្រាប់ប្រជាពលរដ្ឋជិត២ម៉ឺននាក់មិនត្រូវបានឱ្យមានការរៀបចំឥណទានឡើងវិញនោះទេ ព្រោះពួកគាត់មិនមានលក្ខខណ្ឌគ្រប់គ្រាន់។

យោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា គិតថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ មានអតិថិជនចំនួន ១៥៥.៨១២នាក់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើការរៀបចំឥណទាន (កម្ចី)ឡើងវិញ។ ក្នុងនោះអតិថជនចំនួន ១៣៥.៨២៩នាក់ (ជិត៩០ភាគរយ) ទទួលបានការអនុម័តរៀបចំឥណទានឡើងវិញ ដែលមានទំហំទឹកប្រាក់សរុប ជាង៥៨៣លានដុល្លាអាមេរិក។ ដោយឡែកអតិថិជនជិត ២ម៉ឺននាក់ឬស្មើប្រមាណជាង១០% មិនបានទទួលការរៀបចំឥណទានឡើងវិញ ដោយសារគាត់មិនមានលក្ខខណ្ឌគ្រប់គ្រាន់។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាមកាលពីថ្ងៃទី២១ឧសភាថា ចំនួនអតិថិជនសរុបជាង១៣ម៉ឺននាក់ទទួលបានការរៀបចំឥណទាន(កម្ចី)ឡើងវិញគឺគិតរាប់តំាងពីចុងខែមីនារហូតដល់ថ្ងៃទី១៧ខែឧសភានេះ ហើយអតិថិជនជាង១៣ម៉ឺននាក់នេះ ភាគច្រើនពួកគាត់ស្នើសុំបង់តែការប្រាក់ពី៣ទៅ៦ខែ និងអតិថិជនខ្លះផ្សេងទៀតគាត់សុំផ្អាកបង់ទំាងការប្រាក់និងប្រាក់ដើមពី៣ទៅ៦ខែ។
លោកបញ្ជាក់ថា« ចំពោះអតិថិជនជិត២ម៉ឺននាក់មិនទទួលបានរៀបចំឥណទានឡើងវិញ ដោយសាតែពួគាត់មួយចំនួនបន្ទាប់ពីយើងធ្វើការសិក្សា ពួកគាត់មិនទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩នេះ ធ្ងន់ធ្ងរទេ។ មានអ្នកខ្លះប៉ះតិចតួច ហើយអ្នកខ្លះអត់តែម្តង អីចឹងយើងស្នើសុំឱ្យអតិថិជនទំាងនោះបន្តបង់ឡើងវិញជាធម្មតា»។

លោកបន្តថា« មានករណីមួយចំនួនតូចផ្សេងទៀត គឺកម្ចីដែលខូចស្រាប់។ មានន័យថាគាត់មានបញ្ហាតំាងពីមុនកូវីដ១៩ អីចឹងសារាចររបស់ធានគារជាតិនៃកម្ពុជាចេញសេចក្តីណែនាំកន្លមកនេះគឺថាអតិថិជនមានបញ្ហាមុនកូវីដ១៩គឺមិនអនុញ្ញាតរៀបចំកម្ចីឡើងវិញជូនគាត់ទេ»។

បើយោងតាមសារាចរបានណែនាំរបស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយនៅពេលកន្លងមកបង្ហាញថា«ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។ ឥណទានដែលទទួលបានលក្ខខណ្ឌអនុគ្រោះណាមួយដូចខាងក្រោម ត្រូវចាត់ទុកថាជា «ឥណទានរៀបចំឡើងវិញ»៖
១)- ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន
២)- ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
៣)- ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
៤)-ការពន្យារឥណទានប្រតិទាន
៥)-ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន
៦)-ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន
៧)- ការលើកលែង ឬបន្ថយទ្រព្យធានា
៨)-ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង
៩)-ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី៕