ពលរដ្ឋជាង១១ម៉ឺននាក់ទទួលបានការៀបចំឥណទានឡើងវិញពីគ្រឹះស្ថាន​​​​​​​​​​​​​​មីក្រូហិរញ្ញវត្ថុ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួន ១៣៧.១៥៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនចំនួន ១១៨.១៨២នាក់ ឬជិត៩០% បានទទួលការរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបជាង៤៨៨ លានដុល្លា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)ស្តីពី«បច្ចុប្បន្នភាពនៃការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»កាលពីថ្ងៃទី១៣ឧសភា២០២០នេះ។

សេចក្តីប្រកាសលើកឡើងថា គិតចាប់ពីខែមីនា ឆ្នាំ២០២០ សមាគមបានប្រមូលទិន្និន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្តាហ៍ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យនេះត្រូវប្រមូលឡើងក្នុងគោលបំណង តាមដានផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ១៩ ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិក និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ។
សេចក្តីប្រកាសគូសបញ្ជាក់ថា« គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបាន លុះត្រាតែមានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យារវាងគ្រឹះស្ថាននិងអតិថិជន គោលការណ៍ការពារអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត។ ក្នុងកាលៈទេសៈដ៏លំបាកដែលបណ្តាលមកពីជំងឺកូវីដ១៩ សមាគមបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេស ធនាគារជាតិនៃកម្ពុជា ក្នុងការជួយដល់អតិថិជនដែលរងផលប៉ះពាល់នេះ»។

សេចក្តីប្រកាដដែលសង្កត់ធ្ងន់ថា« សមាគមមានជំនឿថា មានតែកិច្ចសហការប្រកបដោយសុច្ឆន្ទៈ និងដំណោះស្រាយប្រកបដោយវិជ្ជាជីវៈទេ ទើបអាចជួយដល់អតិថិជនដែលរងផលប៉ះពាល់ពិតប្រាកដប្រកបដោយប្រសិទ្ធភាព និងរក្សាបាននូវសុខមាលភាពវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលបាននិងកំពុងដើរតួនាទីចាំបាច់ មិនអាចខ្វះបានក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ប្រសិនបើមិនមានដំណោះស្រាយសមស្របតាមលក្ខខណ្ឌបច្ចេកទេសនោះទេ នឹងអាចបង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋជាតិទាំងមូល»។

សមាគមនៅតែបន្តលើកទឹកចិត្ត និងស្វាគមន៍ចំពោះអតិថិជនដែលរងផលប៉ះពាល់ពិតប្រាកដពីជំងឺ
កូវីដ១៩ សូមមេត្តាទំនាក់ទំនងទៅកាន់គ្រឹះស្ថានដែលខ្លួនបានទទួលប្រាក់កម្ចី ឬតាមរយៈមន្ត្រីឥណទានផ្ទាល់ ដើម្បីទទួលបាននូវដំណោះស្រាយសមស្រប។ផ្អែកលើតថភាពបច្ចុប្បន្ន សមាគម មានសុទិដ្ឋិនិយមថា ស្ថានភាពទូទៅនៃជំងឺកូវីដ១៩ នឹងប្រសើរឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ សមាគម រួមជាមួយសមាជិកបាននឹងកំពុងចាត់វិធានការទប់ស្កាត់រលកទីពីរនៃជំងឺកូវីដ១៩ ដែលអាចកើតឡើងជាយថាហេតុ ហើយយើងសង្ឈឹមថាសាធារណជនក៏នឹងចូលរួមទប់ស្កាត់ផលប៉ះពាល់នៃជំងឺនេះ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ផងដែរ។

បើតាមសេចក្តីប្រកាសរបស់មាគមគិតត្រឹមដំណាច់ត្រីមាសទីមួយ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជា ជាង២,២លាននាក់ និងមានឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួន ជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៤ទ្រីលានរៀល (៣,៦ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកប ដោយភាពសំបូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៕