កំពង់ផែស្វយ័ត្នភ្នំពេញរកប្រាក់ចំណូលបានជាង៧លានដុល្លារអាមេរិក

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ដើមឆ្នំា២០២០នេះ កំពង់ផែស្វយ័ត្នភ្នំពេញរកប្រាក់ចំណូលសរុបបានជាង៧,៦លានដុល្លារអាមេរិក ខណៈចំណូលបានមកពីការលើកដាក់ក្រោមដងយោងមានជាង២,៧លានដុល្លារអាមេរិកនិងចំណូលលើកដាក់នៅលើទីលានមានជាង២,៤លានដុល្លារអាមេរិកនាំមុខចំណូលផ្សេងៗ។នេះបើយោងតាមកំពង់ផែស្វយ័ត្នភ្នំពេញ។

តាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័ត្នភ្នំពេញកាលពីថ្ងៃទី១៤មេសាបង្ហាញថាលទ្ធផលការងារអាជីវកម្ម សេវាកម្មនៅត្រីមាសទី១ឆ្នំា២០២០នេះ គឺទំនិញជាប្រេងឥន្ធនៈមានជាង៩៣ម៉ឺនតោន កើនឡើង៣%,នាវាផ្ទុកទំនិញឆ្លងកាត់៦២៥គ្រឿងកើនឡើង១៤%, នាវាទេសចរណ៍មាន១២៦ជើង ធ្លាក់ចុះ៧%,បរិមាណកុងតឺន័រមាន៧៤.៣៣៣ធីអ៊ីយូរកើនឡើង២៦%និងបរិមាណអ្នកដំណើរមានជាង៩ពាន់នាក់ពោលធ្លាក់ចុះ២២% បើប្រៀបធៀបនិងត្រីមាសទី១ឆ្នំា២០១៩។

អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានប្រសាសន៍ថា របាយការណ៍ចំណូលប្រចំាត្រីមាសទី១របស់កំពង់ផែស្វយ័ត្នភ្នំពេញគាត់ធ្វើបានល្អមែនទែន ទោះបីស្ថិតនៅក្នុងភាពដ៏លំបាកដល់ការចរាចរណ៍ទំនិញក្នុងតំបន់និងពិភពលោកដោយសារវីរុសកូរ៉ូណានេះ។

អ្នកស្រីបន្តថា «ក្នុងត្រីមាសទី១នេះយើងឃើញថាកំពង់ផែភ្នំពេញនៅតែអាចរក្សាបាននូវចំណូលខ្ពស់ ហើយយើងសង្កេតឃើញថាមានការកើនឡើងថែមទៀតបើប្រៀបធៀបទៅនិងឆ្នំា២០១៩ ដែលក្រុមហ៊ុនដាក់មកខាងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក)គឺមានតែ៥,៨៧លានដុល្លារអាមេរិក ដែលគាត់ធ្វើបានក្នុងត្រីមាសទី១ឆ្នំា២០១៩។ក្នុងត្រីមាសទី១ឆ្នំា២០២០នេះស្របពេលមានវិបត្តិដោយសារវីរុសកូរ៉ូណាគាតមិនត្រឹមតែអាចរក្សាបានចំណូលទេ ថែមទាំងមានការកើនឡើងទៀត អីចឹងនេះគឺជាចំណុចវិជ្ជមានខ្ពស់ដែលវិនិយោគិនគួរធ្វើការចាប់អារម្មណ៍ទៅលើលទ្ធផលរបស់កំពង់ផែស្វយ័ត្នភ្នំពេញ»។

ពាក់ព័ន្ធនិងការធ្វើអាជីវកម្មរបស់កំពង់ផែស្វយ័ត្នភ្នំពេញបើគេសង្កេតទៅមើលតម្លៃភាគហ៊ុនរបស់កំពង់ផែនៅថ្ងៃទី១៥មេសាឆ្នំា២០២០នេះ តម្លៃក្នុងមួយភាគហ៊ុនថ្លៃ៥.៩៦០រៀល ហើយទំហំជួញដូរមានដល់៣.៤៦៣ភាគហ៊ុន បើគិតជាតម្លៃជួញដូរមានជាង២០លានរៀល ខណៈទំហំនៃការជួញដូរភាគហ៊ុនកាលពីថ្ងៃទី១៤មេសាមានតែ៥៧៦ភាគហ៊ុនគិតជាសាច់ប្រាក់មានជាងតែ៣លានរៀលប៉ុណ្ណោះ៕