អង្គការWWFសាទរសេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជាតិចិន​​​​​​ហាមឃាត់ការបរិភោគសាច់សត្វព្រៃនិងការជួញដូរសត្វព្រៃគ្មានការអនុញ្ញាត

រាជធានីភ្នំពេញ៖ អង្គការWWFទាំងអស់ដែលមានទីស្នាក់ការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សូមអបអរសាទរចំពោះសេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជាតិចិន ដែលជាអង្គនីតិបញ្ញត្តិកំពូលរបស់ចិន ក្នុងការហាមឃាត់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃគ្មានការអនុញ្ញាត។ អង្គការ WWF ទាំងអស់ ដែលមានទីស្នាក់ការនៅក្នុងតំបន់ សូមអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីបូពា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យយកគំរូតាមប្រទេសចិនដើម្បីគាំពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន។

ការផ្ទុះឡើង និងការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ក៏ដូចជាវីរុស ហ្សារស៍ (SARS) មើស៍ (MERS) និងការផ្ទុះឡើងនៃវីរុសផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានបង្ហាញពីគ្រោះថ្នាក់ទៅលើសុខភាពមនុស្សដែលបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ។ ទោះបីជាយ៉ាងណាក៏ដោយ ដូចដែលការឆ្លងរាលដាលនៃជំងឺនាពេលបច្ចុប្បន្នបានស្តែងឡើងឲ្យឃើញស្រាប់ ការចាត់វិធានការទប់ទល់ដោយប្រទេសតែមួយគត់ គឺមិនគ្រប់គ្រាន់ទេ។

លោក អេ គ្រីស្ទី វីលៀមស៍ (A. Christy Williams) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ WWF អន្តរជាតិមានប្រសាសន៍ថា«ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវពិនិត្យមើលករណីនៅប្រទេសចិន ហើយយកគំរូតាម ដោយដាក់ចេញការហាមឃាត់នូវរាល់ការលក់ដូរសាច់សត្វព្រៃ ដើម្បីការពារសុខមាលភាពនៃប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបង្ការភាពខូចខាតដល់សេដ្ឋកិច្ចរបស់ខ្លួន ដូចអ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នស្រាប់ដោយសារតែវីរុស កូវីដ-១៩»។

លោកបន្ថែមទៀតថាប្រទេសទាំងនេះត្រូវតែបញ្ឈប់រាល់ការជួញដូរសត្វព្រៃកុំឱ្យហូរចូលក្នុងទឹកដីរបស់ខ្លួន។ ដូចដែលយើងបានឃើញរួចមកហើយនូវករណីទាក់ទងនឹងការហាមឃាត់ការជួញដូរភ្លុកដំរីក្នុងប្រទេសចិនអញ្ចឹង ការជួញដូរនៅតែឆ្លងចូលតាមច្រកព្រំប្រទល់ប្រទេសចិនដែលជាកន្លែងមិនមានការពង្រឹងការអនុវត្តច្បាប់ម៉ត់ចត់ ហើយបានបង្កើតជាទីកន្លែងជួញដូរសត្វព្រៃថ្មី ។
អគ្គនាយកនៃអង្គការ WWF ប្រចាំប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងអស់ សូមអំពាវនាវដល់រដ្ឋាភិបាលទាំងអស់នៃប្រទេសនៅក្នុងតំបន់អាស៊ីបូពា និងអាស៊ីអាគ្នេយ៍ ឱ្យយកគំរូតាមការសម្រេចចិត្តរបស់ប្រទេសចិន ហើយដាក់ចេញនូវការហាមឃាត់ជាអចិន្ត្រៃយ៍ចំពោះការបរិភោគ និងការជួញដូរសត្វព្រៃ។ ការខាតបង់សេដ្ឋកិច្ចសម្រាប់ប្រទេសនីមួយៗ សម្រាប់តំបន់ និងជាសកល ដោយសារវីរុសកូវីដ-១៩ ត្រូវបានគេសង្កេតឃើញកំពុងកើនឡើងរហូតដល់រាប់ពាន់លានដុល្លា ហើយវានឹងបន្តជះផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទៀត។ យើងត្រូវតែចាត់វិធានការឡើងនៅក្នុងពេលឥឡូវនេះ ដើម្បីទប់ស្កាត់កុំឲ្យមានការកើតឡើងនូវជំងឺឆ្លងរាលដាលដទៃផ្សេងទៀត ដែលអាចនឹងបង្កជាទុក្ខវេទនា និងការស្លាប់ដល់ប្រជាជនយើង។

តំបន់អាស៊ីអាគ្នេយ៍ជាប្រភពនៃផលិតផលសត្វព្រៃជាយូរមកហើយ ហើយក៏ជាទីតាំងច្រករបៀងសម្រាប់ការបញ្ជូនផលិតផលសត្វព្រៃបន្តទៅកាន់ប្រទេសចិនផងដែរ។ ការបរិភោគសាច់សត្វព្រៃ ដែលអាចបង្កជាវីរុសដ៏គ្រោះថ្នាក់ ដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចការពារបាន អាចឆ្លងពីសត្វទៅមនុស្ស ហើយក៏ជា ហេតុម៉្យាងដែលអាចកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាករណីក្នុងប្រទេសចិនអញ្ចឹងដែរ។ ដើម្បីដោះស្រាយបញ្ហាសុខភាពសាធារណៈនេះ ដែលបណ្តាលមកពីការបរិភោគ និងជួញដូរសត្វព្រៃ យើងសូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធទាំងអស់ ដែលមានភារៈកិច្ចទទួលខុសត្រូវក្នុងវិស័យការពារសត្វព្រៃ និងវិស័យសុខាភិបាល និងសុខភាពសាធារណៈ ឲ្យរួមគ្នាដើម្បីសហការទាំងក្នុងផ្នែកជំនាញឯកទេស និងការប្រើប្រាស់ធនធានដែលមាន ដើម្បីបង្កើនការត្រួតពិនិត្យ និងតាមដានរាល់ទីផ្សារដែលមានផលិតផលសត្វព្រៃ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សារណៈជនដើម្បីឲ្យពួកគេ បញ្ឈប់ការលក់ដូរ និងបរិភោគសាច់សត្វព្រៃ ព្រមទាំងផលិតផលសត្វព្រៃដទៃផ្សេងៗទៀត។

លោក រ៉ុន ត្សុតត្សួយ (Ron Tsutsui) អគ្គនាយកនៃអង្គការ WWF-ជប៉ុន និងជាប្រធាននៃគណៈកម្មការនាយកសម្រាប់កម្មវិធីយុទ្ធសាស្ត្រកំណើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថាក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺឆ្លងមុនៗដែលមានប្រភពចេញពីទីផ្សារលក់សត្វព្រៃ វិធានការចម្បងដែលគេបានប្រើនោះគឺការបង្ឃាំងទុកអ្នកដែលបានឆ្លងជំងឺឲ្យនៅដោយឡែកពីគេ។
លោកបន្ថែមទៀតថាការសម្រេចចិត្តរបស់ចិនក្នុងការចាត់វិធានការចំប្រភពនៃបញ្ហា គឺការបិទរាល់ទីផ្សារលក់សត្វព្រៃ និងការហាមឃាត់ការបរិភោគសាច់សត្វព្រៃជាអចិន្ត្រៃយ៍ ជាដំណោះស្រាយមួយដែលអាចនាំមកនូវការផ្លាស់ប្តូរស្ថានការបាន។ គ្រប់រដ្ឋាភិបាលទាំងអស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីត្រូវតែយកគំរូតាមចំណាត់ការនេះ ដើម្បីការពារសុខមាលភាពរបស់មនុស្ស ក៏ដូចជាការអភិរក្សសត្វព្រៃ៕