ស្រ្ដីចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍន៍សង្គមជាតិ

ភ្នំពេញ៖ ស្រ្ដីកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ។ នេះបើយោងតាមឯកឧត្តមជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ការលើកឡើងរបស់ឯកឧត្តមជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាធ្វើឡើងក្នុងឱកាសប្រារព្ធកម្មវិធី អបអរសារទរខួបអនុស្សាវរីយ៍ ទិវានារីអន្ដរជាតិ៨មីនាឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្ដិភាពមានការលើកកម្ពស់ សមភាពយេនឌ័រ» ដែលរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា ដោយមានការចូលរួមយ៉ាងសកម្មពីស្រ្ដីនេះ ទើបយុទ្ធសាស្រ្ដចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកតួនាទីស្រ្ដីជាឆ្អឹងខ្នង នៃសង្គមជាតិ ហើយផែនកានយុទ្ធសាស្រ្ដសាធារណៈ ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញលើកម្ពស់ស្រ្ដី, លើកកម្ពស់សុខមាលភាពស្រ្ដី, ការអប់រំស្រ្ដីគ្រប់កម្រិត ឱ្យចូលរួមយ៉ាងសកម្មក្នុងរដ្ឋបាលសាធារណៈ ការពង្រឹងការឈរឈ្មោះ តាមបណ្ដាភូមិឃុំនៅទូទាំងប្រទេស ព្រមទាំងការពង្រឹងឱកាសការងាររបស់ស្រ្ដី។
លោកបានបន្ដថា ចំពោះបរិយាបន្នហិរញ្ញវត្ថុស្រ្ដី តាមលទ្ធផលអង្កេតបង្ហាញឱ្យឃើញថា ស្រ្ដីពេញវ័យប្រមាណ៧៣ភាគរយ មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ក្នុងឆ្នាំ២០១៧ និងកើនដល់៨៤%ក្នុងឆ្នាំ២០២៥។

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាលោកស្រី អ៊ុក ម៉ាលី មានប្រសាសន៍ថា ស្រ្ដីជាដៃគូដ៏ប្រសើរ ក្នុងការចូលរួមកិច្ចការងារសង្គម សេដ្ឋកិច្ចបានល្អដូចបុរស។ ស្រ្ដីជាដៃគូមិនអាចខ្វះបាន ទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល ហើយសកម្មភាពស្រ្ដីនៅតាមអង្គភាព ស្ថាប័ននានាក្នុងពេលបច្ចុប្បន្ន បាននិងកំពុងអភិវឌ្ឍន៍ ការងាររបស់ខ្លួនយ៉ាងសកម្មដូចនឹងបុរសដែរ។
លោកស្រីលើកឡើងថា ក្នុងឆ្នាំ២០២០នេះប្រទេសកម្ពុជា បានលើកយកប្រធានបទ មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ សម្រាប់អបអរខួបអនុស្សាវរីយ៍ ខួប១១៩នៃទិវានារីអន្ដរជាតិ៨មីនា ធនាគារជាតិនៃកម្ពុជាសូមអបអរសារទរ ចំពោះប្រធានបទនេះ ដែលបានឆ្លុះបញ្ចាំងនៃសន្ដិភាព ដែលបានធ្វើឲ្យកម្ពុជា អាចអភិវឌ្ឍន៍ប្រទេសជាតិ ដែលមានការរីកចម្រើនដូចបច្ចុប្បន្ននេះ៕

សូមទស្សនាវីដេអូ​សកម្មភាព​អបអរខួប​៨មីនា​២០២០​។

https://www.youtube.com/watch?v=RsSs8lLbp5E