សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវដល់ពលរដ្ឋកុំឱ្យបារម្ភអំពីបញ្ហា​ផ្គត់ផ្គង់​អង្ករ​

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជម្ងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជាយើង ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានដំឡើង ថ្លៃអង្ករ។

ឆ្លៀតក្នុងឱកាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងឱ្យបានជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជានៅទូទាំងប្រទេសលើទីតាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។
អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន។